ព័ត៌មានជាតិ
កង់ឡានចាស់ៗជិត៨ម៉ឺនគីឡូត្រូវគយចាប់បញ្ជូនទៅប្រទេសដើមវិញនិងពិន័យអ្នកនាំចូល
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានទប់ស្កាត់ការប៉ុនប៉ងលួចនាំចូលដោយខុសច្បាប់នូវសំបកកង់រថយន្តចាស់ៗប្រើរួច (Used Tire) ផ្ទុកក្នុងកុងតឺន័រចំនួន ៤ទូ មានទម្ងន់ជិត៨ម៉ឺនគីឡូក្រាម
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានទប់ស្កាត់ការប៉ុនប៉ងលួចនាំចូលដោយខុសច្បាប់នូវសំបកកង់រថយន្តចាស់ៗប្រើរួច (Used Tire) ផ្ទុកក្នុងកុងតឺន័រចំនួន ៤ទូ មានទម្ងន់ជិត៨ម៉ឺនគីឡូក្រាម ពីក្រៅប្រទេស តាមមាត់ច្រកកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ក្នុងបំណងមកបោះចោលនៅកម្ពុជា។ បើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ករណីនេះគឺជាបទល្មើសច្បាប់ស្តីពីគយ និងតម្រូវឱ្យម្ចាស់ទំនិញត្រូវនាំចេញត្រឡប់ទៅវិញ និងត្រូវបង់ពិន័យ។ យ៉ាងណាមិញ អគ្គនាយកដ្ឋានគយ មិនបានបញ្ជាក់ថាសំបកកង់រថយន្តចាស់ៗប្រើរួចនេះ ត្រូវបាននាំចេញពីប្រទេសណានោះទេ។

ដោយពិនិត្យឃើញថា ករណីនេះជាបទល្មើសច្បាប់ស្តីពីគយ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានសម្រេចដោយបង្ខំឱ្យម្ចាស់ទំនិញត្រូវនាំចេញត្រឡប់ទៅវិញនូវទំនិញទាំង៤ទូកុងតឺន័រនេះ ឱ្យបានឆាប់រហ័សបំផុត យ៉ាងយូរត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ និងត្រូវបង់ពិន័យដោយយោងតាមបញ្ញត្តិមាត្រា ៧៤ និង៧៥ នៃច្បាប់ស្ដីពីគយជាធរមាន។ ជាលទ្ធផល នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ម្ចាស់ទំនិញបានបញ្ចប់នីតិវិធីបញ្ជូនសំបកកង់រថយន្តចាស់ៗប្រើរួចនេះចេញទៅវិញជាស្ថាពរ និងបានបង់ពិន័យស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។

ជាការកត់សម្គាល់ ការទប់ស្កាត់ការប៉ុនប៉ងលួចនាំចូលដោយខុសច្បាប់នូវសំបកកង់រថយន្តចាស់ៗប្រើរួច (Used Tire) ផ្ទុកក្នុងកុងតឺន័រចំនួន ៤ទូ មានទម្ងន់សរុប 78,640 គីឡូក្រាម ពីក្រៅប្រទេសតាមមាត់ច្រកកំពង់ផែអន្តរជាតិក្រុងព្រះសីហនុនេះ គឺអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានធ្វើប្រតិបត្តិការ ទប់ស្កាត់ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤។

សូមជម្រាបថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាតែងតែយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ និងសុវត្ថិភាព ចំពោះទំនិញនាំចេញ នាំចូល និងឆ្លងកាត់។ ជាក់ស្ដែង កាលពីឆ្នាំ២០២៤ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ក្រាបបានការនាំចូលដោយខុសច្បាប់នូវទំនិញហាមឃាត់មួយចំនួនរួមមាន សាច់បង្កក និងផលិតផលពីសាច់សត្វខូចគុណភាព ៣៧ករណី ស្មើនឹង ៩៤,០១៨ គីឡូក្រាម និងគ្រឿងញៀន (ទម្ងន់សុទ្ធ) ៦៦,៣០០,៩៤ ក្រាម។ ដោយឡែកកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានរៀបចំពិធីកម្ទេចទំនិញល្មើសច្បាប់ និងទំនិញខូចគុណភាព ចំនួន ១០៧ មុខ ដែលមានទម្ងន់សរុបប្រមាណ ៥០៧ តោន៕ ដោយ៖ភ័ក្រ្តា

