ព័ត៌មានជាតិ
យុវតីម្នាក់ស្លាប់ក្រោយពេលពត់ធ្មេញខណៈគណៈទន្តពេទ្យថាការស្លាប់ដោយសារយុវតីរូបនោះមានជំងឺប្រចាំកាយ!
អ្នកចង់ពត់ធ្មេញសូមពិនិត្យសុខភាពផ្ទាល់ខ្លួនផងព្រោះថ្មីៗនេះទើបមានយុវតីម្នាក់ស្លាប់បាត់បង់ជីវិត បន្ទាប់ពីដាក់ឧបករណ៍ពត់ធ្មេញ។
អ្នកចង់ពត់ធ្មេញសូមពិនិត្យសុខភាពផ្ទាល់ខ្លួនផងព្រោះថ្មីៗនេះទើបមានយុវតីម្នាក់ស្លាប់បាត់បង់ជីវិត បន្ទាប់ពីដាក់ឧបករណ៍ពត់ធ្មេញ។ ជាក់ស្តែងប៉ុន្មានថ្ងៃនេះមានការបង្ហោះចែករំលែកតៗគ្នាយ៉ាងផុលផុសលើបណ្ដាញសង្គមជុំវិញការស្លាប់យុវតីម្នាក់ដោយសារឆ្លងមេរោគចូលក្នុងបេះដូង និងសួត ដោយសារយុវតីរូបនោះដាក់ធ្មេញដែក។

យ៉ាងណាស្របពេលដែលមានការផ្សព្វផ្សាយថាមានយុវតីម្នាក់បានស្លាប់ក្រោយពេលដាក់ឧបករណ៍ពត់ធ្មេញបែបនេះ ក្រុមប្រឹក្សាគណៈទន្តពេទ្យជាតិ បានចេញមុខអះអាងថា ដោយសារអ្នកជំងឺមានបញ្ហាសុខភាពស្រាប់។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាគណៈទន្តពេទ្យជាតិ បានបញ្ជាក់ថា គណៈទន្តពេទ្យកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើករណីនេះ និងបានចុះអង្កេតសិក្សាយ៉ាងម៉ត់ចត់ជាមួយអាជ្ញាធរពាក់ព័ន្ធ។ គណៈទន្តពេទ្យកម្ពុជា បានបន្តថា យោងតាមរបាយការណ៏បឋម អ្នកជំងឺមានជំងឺតាំងពីកំណើតប្រចាំកាយ ដែលបណ្ដាលឱ្យប្រព័ន្ធភាពស៊ាំការពាររាងកាយមានដំណើរការមិនប្រក្រតី (Systemic lupus erythematosus, congenital autoimmune disease) ។ ភាពមិនប្រក្រតីនេះ បានបណ្តាលឱ្យអ្នកជំងឺប្រឈមខ្លាំងនឹងការឆ្លងរោគ។ បើតាមរោគវិនិច្ឆ័យនៃការចូលសម្រាកពេទ្យនៅមន្ទីរពេទ្យជាតិមួយក្នុងរាជធានីភ្នំពេញ ( អ្នកជំងឺមានស្ថានភាពឆ្លងរោគធ្ងន់ធ្ងរ (Severe sepsis) ដែលប៉ះពាល់ខ្លាំងដល់ប្រព័ន្ធផ្លូវដង្ហើម ក៏ដូចជាសរីរាង្គផ្សេងទៀត។

ជាមួយគ្នានេះ គណៈទន្តពេទ្យកម្ពុជា បានអំពាវនាវដល់សាធារណៈជនឱ្យវាយតម្លៃប្រភពព័ត៌មានក្នុងបណ្តាញសង្គម និងធ្វើការផ្សព្វផ្សាយបន្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីចៀសវាងការបង្កភាពភ័យខ្លាចដល់អ្នកជំងឺដទៃ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនៃវិជ្ជាជីវៈទន្តសាស្ត្រ។

ជាងនេះទៀត គណៈទន្តពេទ្យកម្ពុជា បានគូសបញ្ជាក់ថា គណៈទន្តពេទ្យកម្ពុជា តម្កល់សុវត្ថិភាពអ្នកជំងឺ និងសុខុមាលភាពរបស់ប្រជាជនជាអាទិភាពចម្បងជានិច្ច និងប្តេជ្ញាធ្វើយ៉ាងណាឱ្យអ្នកប្រកបវិជ្ជាជីវៈទន្តសាស្ត្រ អនុវត្តការងាររបស់ខ្លួនដោយអនុលោមទៅតាមដែនកំណត់វិជ្ជាជីវៈ និយាម និងបទដ្ឋានវិជ្ជាជីវៈទន្តសាស្ត្រត្រឹមត្រូវ៕ ដោយ៖ ភ័ក្រ្តា
