ព័ត៌មានជាតិ
កសិករត្អូញត្អែរនិងខកចិត្តយ៉ាងខ្លាំង ក្រោយតម្លៃស្រូវប្រភេទOM ធ្លាក់ចុះ៦៨០៛/គីឡូក្រាម!
ប្រជាពលរដ្ឋដែលធ្វើកសិកម្មដំណាំស្រូវ ជាពិសេសពូជស្រូវប្រភេទOMជាច្រើន កំពុងតែត្អូញត្អែរជាខ្លាំងក្រោយតម្លៃស្រូវប្រភេទនេះ បានធ្លាក់ចុះ
ប្រជាពលរដ្ឋដែលធ្វើកសិកម្មដំណាំស្រូវ ជាពិសេសពូជស្រូវប្រភេទOMជាច្រើន កំពុងតែត្អូញត្អែរជាខ្លាំងក្រោយតម្លៃស្រូវប្រភេទនេះ បានធ្លាក់ចុះមកត្រឹមចន្លោះ ៦៨០៛ ទៅ៧០០៛ក្នុង១គីឡូក្រាម និងពុំសូវមានឈ្មួញទិញផងដែរ។ ការធ្លាក់ចុះ
តម្លៃស្រូវនេះ ធ្វើឱ្យកសិករមានការលំបាកចិត្តជាខ្លាំង ដោយសារពួកគាត់បានចំណាយថវិកាច្រើនក្នុងការដាំដុះស្រូវ ប៉ុន្តែពេលប្រមូលផលរួច បែរតម្លៃស្រូវធ្លាក់ចុះមិននឹកស្មានដល់បែបនេះទៅវិញ។

យ៉ាងណាក្តីមូលហេតុ គឺដោយសារវៀតណាមនិងថៃបានកាត់បន្ថយការទិញចូល ហើយព្រមទាំងប្រទេសឥណ្ឌាបានចាប់ផ្តើមនាំចេញស្រូវ ម្យ៉ាងទៀតប្រទេសឥណ្ឌូនេស៊ី ក៏បានផ្អាកការនាំចូលពោលគឺផលិតកម្មក្នុងស្រុកមានការកើនឡើង។ ការធ្លាក់ចុះនៃតម្លែស្រូវនេះគឺមិនមែនកើតឡើងតែនៅក្នុងប្រទេសកម្ពុជានោះទេ គឺប្រទេសជាច្រើនច្រើននៅលើពិភពលោកក៏កំពុងជួបនៅបញ្ហានេះដែរ នេះបើតាមការបញ្ជាក់អះអាងពី លោក ច័ន្ទ សុផល ប្រធានមជ្ឈមណ្ឌលសិក្សាគោលនយោបាយ។
បើតាមការបញ្ជាក់ របស់លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងកសិកម្ម កំពុងជជែកជាមួយរោងម៉ាស៊ីនកិនស្រូវក្នុងស្រុក ដើម្បីសិក្សាពីតម្រូវការ និងលទ្ធភាពទិញចូលរបស់រោងម៉ាស៊ីនទាំងនោះ ដើម្បីប្រមូលទិញស្រូវពីប្រជាកសិករ ដែលកំពុងជួបបញ្ហាធ្លាក់ថ្លៃ។ ជាមួយគ្នានេះ ក្រសួង ក៏កំពុងចុះសិក្សាពីបរិមាណប្រមូលផលរបស់ប្រជាកសិករក្នុង១ថ្ងៃៗផងដែរ។

ជាមួយគ្នានេះលោក បណ្ឌិត មាស នី អ្នកវិភាគបញ្ហាសង្កមយល់ឃើញថា រដ្ឋាភិបាលគួរតែពិនិត្យឡើងវិញនូវគោល
នយាបាយទីផ្សារស្រូវ ក៏ដូចជាជួយស្វែងរកទីផ្សារថ្មីៗបន្ថែមទៀត ដើម្បីឱ្យប្រជាពលរដ្ឋមានច្រកកាន់តែច្រើនក្នុងការលក់ ជាជាងពឹងផ្អែកតែលើឈ្មួញវៀតណាម ព្រោះអាចឱ្យពួកគេកំណត់តម្លៃស្រេចតែចិត្ត ហើយពលរដ្ឋអាចនឹងឈប់ធ្វើស្រែបន្តទៀត។
គូររំលឹកដែរ ស្រូវដែលកំពុងថ្លៃមកនៅត្រឹមចន្លោះពី៦៨០រៀលទៅ៧០០រៀលក្នុងមួយគីឡូក្រាមនេះជាប្រភេទស្រូវ OM ដែលភាគច្រើនសម្រាប់នាំចេញទៅកាន់ប្រទេសវៀតណាម និងថៃ ខណៈប្រភេទស្រូវស្រង៉ែ និងស្រូវសែនក្រអូបជាដើម ដែលជាពូជស្រូវក្នុងស្រុកនៅតែមានតម្លៃខ្ពស់ដដែល បើធៀបនឹងឆ្នាំមុន។

ពាក់ព័ន្ធវិស័យស្រូវអង្ករនេះដែរ កាលពីពេលកន្លងទៅថ្មីៗ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលើកទឹកចិត្តដល់កសិករឱ្យងាកមកប្រើប្រាស់ពូជស្រូវ ដែលផលិតក្នុងស្រុកដូចជាសែនក្រអូបជាដើម ដើម្បីបញ្ចៀសបញ្ហាពាក់ព័ន្ធនឹងទីផ្សារ និងតម្លៃ ដ្បិតស្រូវប្រភេទនេះមានទីផ្សារល្អ។ យ៉ាងណាក៏ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងភាគីពាក់ព័ន្ធកំពុងរកវិធីសាស្ត្រ ដើម្បីជួយដោះស្រាយបញ្ហានេះជូនកសិករ នេះបើតាមការបញ្ជាក់របស់ លោក ច័ន្ទសុផល៕
