ព័ត៌មានជាតិ
ស្នងការខេត្តឧត្តរមានជ័យថាអ្នកសារព័ត៌មានដែលយកមីនតោនទៅប៉ុស្តិ៍ប៉ូលិសគឺមានចេតនាប្រព្រឹត្តបទល្មើស
ស្នងការដ្ឋាននគរបាលខេត្ត បានបំភ្លឺថា នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ២៣:០០នាទី នៅចំណុចភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានករណីលួចយកមីនតោនពីតំបន់ស ដែលអាជ្ញាធរទំនាក់ទំនងព្រំដែនប្រទេសទាំងពីរ កម្ពុជា-ថៃ ចាត់ទុកជាតំបន់ហាមឃាត់
បន្ទាប់ពី លោក ផែង វណ្ណៈ បានបង្ហោះលើបណ្តាញសង្គមថា អ្នកកាសែតម្នាក់បានរកឃើញមីនតោនខំយកទៅអោយប៉ូលីស ប៉ះប៉ូលីសអត់ចេះច្បាប់ ចាប់គ្នាយកទៅដាក់គុកទៀត។ សុំខ្លាចហើយប៉ូលីសខេត្ត ឧត្តរមានជ័យ។ ជាមួយគ្នានេះលោកផែង វណ្ណៈ បានបន្តថា សមត្ថកិច្ចល្ងង់ធ្វើបែបនេះហើយ បើសមត្ថកិច្ចចេះដឹងគួរ អរគុណអ្នកកាសែត ដែលគាត់យកមកប្រគល់អោយសមត្ថកិច្ច។ សំណូមពរ ថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ និង ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មេត្តាជួយពិនិត្យមើលផង”។

យ៉ាងណាក្រោយមានការផ្សព្វផ្សាយបែបនេះ អ្នកនាំពាក្យ និងក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានចេញសេចក្តីបំភ្លឺព័ត៌មានមួយច្បាប់ ដោយបញ្ជាក់ថា ស្នងការដ្ឋាននគរបាលខេត្ត សូមសម្ដែងការសោកស្តាយយ៉ាងខ្លាំងចំពោះការចុះផ្សាយព័ត៌មានមិនពិត មិនគ្រប់ជ្រុងជ្រោយ ពុំបានសុំការបញ្ជាក់ព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ចក្នុងការប្រមូលនូវព័ត៌មានឱ្យបានច្បាស់លាស់ នាំឱ្យមហាជនមានការយល់ច្រឡំ ធ្វើឱ្យប៉ះពាល់នូវកិត្តិយស សេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ ក៏ដូចជាកងកម្លាំងនគរបាលជាតិ។

យ៉ាងណាដើម្បីកុំឱ្យមានការភាន់ច្រឡំ ស្នងការដ្ឋាននគរបាលខេត្ត បានបំភ្លឺថា នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ២៣:០០នាទី នៅចំណុចភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានករណីលួចយកមីន
តោនពីតំបន់ស ដែលអាជ្ញាធរទំនាក់ទំនងព្រំដែនប្រទេសទាំងពីរ កម្ពុជា-ថៃ ចាត់ទុកជាតំបន់ហាមឃាត់ បង្កឡើងដោយជនសង្ស័យចំនួន ០២នាក់ គឺឈ្មោះ ទឺ ពិទូ ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរ អ្នកសារព័ត៌មាន មានទីលំនៅភូមិចំការ ចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ និងឈ្មោះ ពែក ពុយ ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិគិរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ស្នងការដ្ឋាននគរបាលខេត្ត បានគូសបញ្ជាក់ថា ជនសង្ស័យទាំងពីរនាក់ខាងលើ មានចេតនាយ៉ាងពិតប្រាកដ ក្នុងការប្រព្រឹត្តបទល្មើសនាំយកគ្រាប់មីនតោនចេញពីទីតាំងតំបន់ស រវាងព្រំដែនប្រទេសទាំងពីរ ដោយហេតុថា កន្លងមក ឈ្មោះ ទឺ ពិទូ ធ្លាប់បានដឹង និងបានចុះទៅថតផ្សព្វផ្សាយអំពីរឿងមីនតោននេះ ហើយត្រូវបានអាជ្ញាធរមានសមត្ថកិច្ច ពន្យល់បកស្រាយរួចហើយដែរ ប៉ុន្តែជនសង្ស័យនៅតែគឃ្លើនពុំស្ដាប់តាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច និង ហ៊ានរហូតដល់ប្រព្រឹត្តបទល្មើសជាក់ស្ដែង ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្ត ដើម្បីចាត់វិធានការបន្តតាមនីតិវិធីច្បាប់។ ម្យ៉ាងវិញទៀតសកម្មភាពល្មើសច្បាប់នេះ អាចបង្កផលប៉ះពាល់ដល់ ទំនាក់ទំនងព្រំដែនរវាងប្រទេសទាំងពីរ ព្រមទាំងអាចបង្កមហន្តរាយយ៉ាងធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិ និងអាយុជីវិតមនុស្ស ប្រសិនបើមានការផ្ទុះគ្រាប់មីនតោននេះ។

សូមជម្រាបថា អ្នកសារព័ត៌មានឈ្មោះ ទឺ ពិទូ ជាភ្នាក់ងារសារព័ត៌មានគេហទំព័រ មាតុភូមិ ប្រចាំខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលអូស្មាច់ ឃាត់ខ្លួន កាលពីយប់ថ្ងៃទី៦ ខែកុម្ភៈ បន្ទាប់ពីបានដោះមីនតោនដោយខ្លួនឯងដឹកតាមម៉ូតូជាមួយមិត្តភ័ក្រយកទៅឱ្យនគរបាលប៉ុស្តិរដ្ឋបាលសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ៕ ដោយ៖ សុភ័ក្រ្តា
