ព័ត៌មានជាតិ
ស្នងការត្បូងឃ្មុំ៖ជាងកាំបិតអស់៥៥០០$ទើបរួចខ្លួនមិនពាក់ព័ន្ធនឹងនគរបាលដែលអនុវត្តក្នុងប្រតិបត្តិការនេះទេ
ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានចេញសេចក្តីបំភ្លឺព័ត៍មាន ដោយបញ្ជាក់ថា ការចុះផ្សាយថា”ជាងកាំបិតរួចខ្លួនអស់ ៥៥០០ដុល្លារ យកលុយគេហើយហាមគេមិនអោយនិយាយទៀត? គឺមិនមានការពាក់ព័ន្ធនឹងមន្ត្រីនគរបាល ដែលបានអនុវត្តក្នុងកិច្ចប្រតិបត្តិការខាងលើនោះទេ។
ក្រោយមានការផ្សព្វផ្សាយថា ម្ចាស់សិប្បកម្មធ្វើកាំបិតពូថៅនៅត្បូងឃ្មុំត្រូវបានដោះលែងវិញហើយដោយសារឱ្យលុយសមត្ថកិច្ចអស់៥៥០០ដុល្លាររួចមក នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានចេញសេចក្តីបំភ្លឺព័ត៍មាន ដោយបញ្ជាក់ថា ចំពោះការចុះផ្សាយរបស់ផេកហ្វេសប៊ុក “Pheng Vannak” ដែលបានបង្ហោះដែលមានខ្លឹមសារ ថា “ជាងកាំបិតរួចខ្លួនអស់ ៥៥០០ដុល្លារ យកលុយគេហើយហាមគេមិនអោយនិយាយទៀត? យកល្អគួរយកលុយអោយគេវិញទៅអាណិតគ្នា” រួមនឹងបណ្តាផេកហ្វេសប៊ុក ដែលបានចុះផ្សាយដែលមានខ្លឹមសារប្រហាក់ប្រហែល ឬស្រដៀងគ្នា គឺមិនមានការពាក់ព័ន្ធនឹងមន្ត្រីនគរបាល ដែលបានអនុវត្តក្នុងកិច្ចប្រតិបត្តិការខាងលើនោះទេ។

ក្នុងសេចក្តីបំភ្លឺដដែលបានបញ្ជាក់ថា ការបង្ហោះលក់ និងទទួលផលិតតាមការបញ្ជាទិញពីអតិថិជនតាមអនឡាញនូវដាវ កាំបិត អាវុធ សម្រាប់ប្រហារផ្សេងៗ ដែលអាចឱ្យក្រុមឧក្រិដ្ឋជន ឬក្មេងទំនើងងាយស្រួលក្នុងការបញ្ជាទិញ និងផលិតតាមទម្រង់ម៉ូតដែលពួកគេត្រូវការ និងអាចយកទៅធ្វើសកម្មភាពល្មើស ប៉ះពាល់ដល់សន្តិសុខ សណ្ដាប់សាធារណៈសង្គម។

ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ក៏បានឱ្យដឹងទៀតថា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥កន្លងទៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងព្រីង នៃអធិការដ្ឋាននគរបាលស្រុកតំបែរ បានចុះទៅផ្សព្វផ្សាយណែនាំដល់ឈ្មោះ សា សូទី ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមេជាង ពាក់ព័ន្ធការផលិត និងលក់ ដាវកាំបិត អាវុធសម្រាប់ប្រហារផ្សេងៗ មិនលក់ទៅអោយក្រុមក្មេងទំនើង។ ទន្ទឹមគ្នានេះ ក្រុមការងារ Hot Line Scam 24/7 របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ស្រាវជ្រាវជាបន្តបន្ទាប់លើលើគណនីហ្វេសប៊ុក ឈោ្មះ ជាងកាំបិតពូថៅ knife,axe គណនីឈ្មោះ Sar Soty និង ទិកតុកឈ្មោះ @in.prostouch ដែលបានផុសរូបអំពីការផលិត និងដាក់លក់ ទទួលផលិតតាមការបញ្ជទិញកាំបិត និងដាវជាច្រើនប្រភេទនៅលើបណ្តាញសង្គម។

យ៉ាងណាមិញ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ក៏បានគូសបញ្ជាក់ថា នគរបាលបានចុះបំពេញភារកិច្ច ក្នុងកិច្ចប្រតិបត្តិការខាងលើស្របតាមតួនាទីភារកិច្ច វិជ្ជាជីវៈ ក្រមសីលធម៌ ក្នុងនាមជាមន្ដ្រីនគរបាលជាតិ និងអនុវត្តតាមនីតិវិធី ក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៌ ដែលមានដឹកនាំនីតិវិធី និងសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងខេត្ត។ មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ គឺបានអនុវត្តតួនាទីភារកិច្ច ស្របទៅតាមសិទ្ធិ និងច្បាប់ដែលបានកំណត់ ស្របតាមនីតិវិធី ក្រមសីលធម៌វិជ្ជាជីវៈ និងជាមន្ត្រីនគរបាលយុត្តិធម៌ ដែលដឹកនាំសម្របសម្រួលដោយ អយ្យការអមសាលាដំបូងខេត្ត ដោយមិនលំអៀង ឬរើសអើងជីវភាព ពណ៌សម្បុរ ជនជាតិ និន្នាការរបស់ប្រជាពលរដ្ឋឡើយ៕ ដោយ៖ភ័ក្រ្តា

