ព័ត៌មានជាតិ
សម្តេចធិបតីអំពាវនាវឱ្យពលរដ្ឋខ្មែរប្រើប្រាស់ពាក្យសម្ដីជាមួយអ្នកដទៃដោយការគោរពគ្នាទៅវិញទៅមក និងប្រកាន់ខ្ជាប់នូវសីលធម៌
សម្តេចធិបតី នាយករដ្ឋមន្រ្តី បានបង្ហោះសារលើ បណ្តាញសង្គមផ្ទាល់ខ្លួនថា ក្នុងមួយរយៈនេះ ខ្ញុំសង្កេតឃើញមានសកម្មភាពឬការបញ្ចេញមតិរបស់បងប្អូនមួយចំនួន ដែលធ្វើឲ្យប៉ះពាល់ទៅដល់អារម្មណ៍ និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃជាពិសេសស្ត្រីភេទ។
បន្ទាប់ពីមហាជនបានប្រតិកម្មនឹងការនិយាយស្តីលេងសើចរបស់ពិធីករប្រដាលមួយរូបដែលបាននិយាយប៉ះពាល់លើស្រ្តីដែលជាអ្នកលើកស្លាកទឹករួចមក សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានបង្ហោះសារលើ បណ្តាញសង្គមផ្ទាល់ខ្លួនថា ក្នុងមួយរយៈនេះ ខ្ញុំសង្កេតឃើញមានសកម្មភាពឬការបញ្ចេញមតិរបស់បងប្អូនមួយចំនួន ដែលធ្វើឲ្យប៉ះពាល់ទៅដល់អារម្មណ៍ និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃជាពិសេសស្ត្រីភេទ។

សម្តេចបន្តថា ខ្ញុំគិតថាអ្នកដែលធ្វើសកម្មភាព ឬនិយាយមួយចំនួនប្រហែលជាមិនមានចេតនាអាក្រក់នោះទេ ហើយគ្រាន់តែចង់បានការចាប់អារម្មណ៍ពីសំណាក់អ្នកមើល ឬអ្នកស្ដាប់ចំពោះសកម្មភាព ឬពាក្យសម្តីរបស់ខ្លួន និងអាចចាត់ទុកថាជារឿងលេងសើចធម្មតាមិនមានអ្វីធ្ងន់ធ្ងរនោះទេ។ ប៉ុន្តែបងប្អូនមិនបានចាប់អារម្មណ៍ថាសកម្មភាព ឬពាក្យសម្ដីទាំងនោះអាចប៉ះពាល់យ៉ាងខ្លាំងទៅដល់អារម្មណ៍ ក៏ដូចជាសេចក្តីថ្លៃថ្នូរបស់អ្នកដែលត្រូវទទួលរងពីសកម្មភាព ឬពាក្យសំដីទាំងនោះទេ។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តី បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ជាពិសេសយុវជន ធ្វើសកម្មភាព ឬប្រើប្រាស់ពាក្យសម្ដីជាមួយអ្នកដទៃដោយការគោរពគ្នាទៅវិញទៅមក និងប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ និងសេចក្តីថ្លៃថ្នូររបស់ខ្មែរយើង ឱ្យស័ក្តិសមជាប្រជាពលរដ្ឋដែលរស់នៅក្នុងសង្គមស៊ីវិល័យ។ បើទោះបីជាសកម្មភាពស្របច្បាប់ ឬការបញ្ចេញមតិជាសិទ្ធិរបស់បុគ្គល ប៉ុន្តែការគោរពសិទ្ធិនិងសេចក្តីថ្មីថ្នូររបស់អ្នកដទៃ គឺជាកាតព្វកិច្ចសីលធម៌របស់យើងទាំងអស់គ្នា និងដែលយើងត្រូវប្រកាន់ខ្ជាប់គ្រប់ពេលវេលា ដើម្បីចូលរួមថែរក្សាសុខដុមនីយកម្មសង្គម។

សម្តេចបានគូសបញ្ជាក់ថា សូមធ្វើចំពោះអ្នកដទៃ ដូចអ្វីដែលយើងចង់ឱ្យអ្នកដទៃធ្វើចំពោះយើង និងកុំធ្វើអ្វីចំពោះអ្នកដទៃ ដូចអ្វីដែលយើងមិនចង់ឱ្យអ្នកដទៃធ្វើមកលើយើង៕ ដោយ៖ ភ័ក្រ្តា
