ព័ត៌មានជាតិ
បុរសម្នាក់ថាបើសាលាឧទ្ធរណ៍ព្រងើយកណ្តើយចឹងប្រហែល២០ឆ្នាំក្រោយទើបបានជម្រះរឿងក្តីខ្លួនខណៈអ្នកនាំពាក្យថាការលើកឡើងនេះមិនពិត!
អ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ បានឆ្លើយតបថា ការលើកឡើងរបស់ឈ្មោះ យ៉ុង ហេង ជាដើមបណ្តឹងរដ្ឋប្បវេណី នៃសំណុំរឿងខាងលើ ជាការមិនពិត
កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ មានបុរសម្នាក់ប្រើប្រាស់ហ្វេសប៊ុកឈ្មោះ ហេង យ៉ុង បានបង្ហោះ សាររៀបរាប់ថា ខ្ញុំពិតជាសូមអរគុណណាស់ចំពោះថ្នាក់ដឹកនាំនៃសាលាឧទ្ធរណ៍ភ្នំពេញដែលព្រងើយ កណ្តើយចំពោះយុវពលរដ្ឋដូច រូបខ្ញុំ ជាពិសេសខ្ញុំក៏សូមអរគុណដល់មន្រ្តីយុត្តិធម៌នៃសាលាឧទ្ធរណ៍ ភ្នំពេញដែលបានកំណត់លេខសំ ណុំរឿងរបស់ខ្ញុំនៅចុងប៉ូច១០១៩៩ ប្រហែលជា២០ឆ្នាំក្រោយ ទើបដល់ពេលជម្រះ។ ខ្ញុំបានរងគ្រោះ ដោយសារអំពើឆបោកនៅកម្ពុជា ហើយប្រព័ន្ធយុត្តិធម៌នៅ កម្ពុជាមានសភាពអសកម្ម បានញ៉ាំងឱ្យរូប ខ្ញុំជាជនរងគ្រោះកាន់តែរងគ្រោះ។ ខ្ញុំពិតជាអរគុណ សូម ទឹកដីនេះខ្លាំងណាស់ ជាពិសេសគឺបុគ្គល ទាំងអម្បាលម៉ានដែលបានមើលស្រាលមមកលើរូបខ្ញុំអ្នក បានធ្វើឱ្យខ្ញុំចងចាំពេលវេលាដ៏លំបាកមួយ នេះមិនងាយបំភ្លេចបាន។

យ៉ាងណាស្របពេលដែលបុរសរូបនេះបានលើកឡើងបែបនេះលើបណ្តាញសង្គម អ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ បានឆ្លើយតបថា ការលើកឡើងរបស់ឈ្មោះ យ៉ុង ហេង ជាដើមបណ្តឹងរដ្ឋប្បវេណី នៃសំណុំរឿងខាងលើ ជាការមិនពិតពីព្រោះថា សំណុំរឿងនៃបណ្ដឹងឧទ្ធរណ៍លេខ១០៩៩ ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ របស់សាលាឧទ្ធរណ៍ភ្នំពេញ ដែលមានឈ្មោះ យ៉ុង ហេង ជាដើមបណ្តឹងរដ្ឋប្បវេណី និងឈ្មោះ ដួង អក្ខរា ជាជនជាប់ចោទ ត្រូវបានចុះលេខ និងមានលេខ ១០៩៩ ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ របស់សាលាឧទ្ធរណ៍ភ្នំពេញ។ មិនមែនមានលេខ ១០១៩៩ ដូចការលើកឡើងរបស់ឈ្មោះ យ៉ុង ហេង នោះទេ។

បើតាមសេចក្តីប្រកាសរបស់សាលាឧទ្ធរណ៍ភ្នំពេញ បានឱ្យដឹងទៀតថា សំណុំរឿងនៃបណ្ដឹងឧទ្ធរណ៍លេខ ១០៩៩ ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ របស់សាលាឧទ្ធរណ៍ ភ្នំពេញ ដែលមានឈ្មោះ យ៉ុង ហេង ជាដើមបណ្តឹងរដ្ឋប្បវេណី និងឈ្មោះ ដួង អក្ខរា ជាជនជាប់ចោទ ដែលសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមលេខ ២២០០ “ឆ” ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ ដោយសម្រេចផ្តន្ទាទោសលើឈ្មោះ ដួង អក្ខរា ដាក់ពន្ធនាគារកំណត់រយៈពេល ០១ឆ្នាំ និងបង្គាប់ឱ្យសងប្រាក់ ចំនួន ៤៦,០០០ ដុល្លារអាមេរិក និងសំណងជម្ងឺចិត្ត ចំនួន ២,០០០ ដុល្លារអាមេរិក ឱ្យទៅឈ្មោះ យ៉ុង ហេង ជាដើមបណ្តឹងរដ្ឋប្បវេណី ពីបទ “មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន” ប្រព្រឹត្តនៅ ចំណុចរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ តាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្តីពី ឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។

ជាងនេះទៀតអ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ បានគូសបញ្ជាក់ទៀតថា ជនជាប់ចោទឈ្មោះ ដួង អក្ខរា មិនសុខចិត្ត ក៏ប្តឹងឧទ្ធរណ៍។ សាលាឧទ្ធរណ៍ភ្នំពេញ បានលើកយកសំណុំរឿងនៃបណ្ដឹងឧទ្ធរណ៍ របស់ជនជាប់ចោទឈ្មោះ ដួង អក្ខរា មកជំនុំជម្រះ និងប្រកាសសាលដីកាព្រហ្មទណ្ឌលេខ ១៤៨ “ក្រVII គ.ធ” ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ដោយសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល។ ជនជាប់ចោទមិនសុខចិត្តក៏ប្ដឹងសាទុក្ខ ទៅតុលាការកំពូល។ ក្រោយមក សាលាឧទ្ធរណ៍ភ្នំពេញ បានទទួលបណ្ដឹងឧទ្ធរណ៍លេខ ៩៧៣ ចុះថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ របស់ឈ្មោះ យ៉ុង ហេង ជាដើមបណ្តឹង រដ្ឋប្បវេណីនៃសំណុំរឿងខាងលើ សាលាឧទ្ធរណ៍ភ្នំពេញ បានពិនិត្យ និងកំណត់កាលបរិច្ឆេទជំនុំជម្រះនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥។ ប៉ុន្តែដោយអវត្តមានដើមបណ្តឹងរដ្ឋប្បវេណី ក្រុមប្រឹក្សាជំនុំជម្រះបាន លើកពេលសវនាការទៅថ្ងៃក្រោយ និងកំណត់កាលបរិច្ឆេទការជំនុំជម្រះលើកទី២ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ នាពេលខាងមុខ។

អ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ បានបញ្ជាក់បន្ថែមថា ក្រោយពីទទួលបានសំណុំរឿងបណ្ដឹងឧទ្ធរណ៍ របស់គូភាគី សាលាឧទ្ធរណ៍ភ្នំពេញ បានយកចិត្តទុកដាក់ ពិនិត្យចាត់ការលើសំណុំរឿងក្ដីនេះ ត្រឹមរយៈពេល ៨ខែ និង១៦ថ្ងៃ ប៉ុណ្ណោះ។ ជាមួយគ្នានេះ អ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ បានបង្ហាញការសោកស្តាយចំពោះឈ្មោះ យ៉ុង ហេង ដែល បានលើកឡើងថា “…ប្រហែល២០ឆ្នាំក្រោយទើបដល់ពេលជម្រះ…” ជាការមិនពិត និងគ្មានការទទួលខុសត្រូវ៕ ដោយ៖ ភ័ក្រ្តា
