ព័ត៌មានជាតិ
អគ្គស្នងការនគរបាលជាតិស្នើឱ្យប៉ូលិសចិនចាត់វិធានការលើបុគ្គលដែលផ្សាយថាប៉ូលិសខ្មែរលក់ព័ត៌មានឱ្យក្រុមឧក្រិដ្ឋជនចាប់ជំរិត
គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ នៃក្រសួងមហាផ្ទៃ បានចេញមកប្រកាសច្រានចោលទាំងស្រុងចំពោះការលើកឡើងរបស់គណនីបណ្តាញសង្គមចិនឈ្មោះ Weibo ដែលមានគណនីឈ្មោះ Tie Xiao Jun ដែលបានចោទប្រកាន់មកលើស្ថាប័ននគរបាលជាតិកម្ពុជាថាបានលក់ព័ត៌មានទៅឱ្យក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញ។
គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ នៃក្រសួងមហាផ្ទៃ បានចេញមកប្រកាសច្រានចោលទាំងស្រុងចំពោះការលើកឡើងរបស់គណនីបណ្តាញសង្គមចិនឈ្មោះ Weibo ដែលមានគណនីឈ្មោះ Tie Xiao Jun ដែលបានចោទប្រកាន់មកលើស្ថាប័ននគរបាលជាតិកម្ពុជាថាបានលក់ព័ត៌មានទៅឱ្យក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញ។ ជាមួយគ្នានេះគណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ នៃក្រសួងមហាផ្ទៃ ក៏បានសំណូមពរដល់សមត្ថកិច្ចចិនឱ្យជួយស្រាវជ្រាវ និងចាត់វិធានការចំពោះបុគ្គលដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងកិត្តិនាមរបស់នគរបាលជាតិកម្ពុជា ជាពិសេសប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន ក្រោមយន្តការកិច្ចសហការអនុវត្តច្បាប់នាពេលកន្លងមក។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ពុំមានជនបរទេសរងគ្រោះដូចការលើកឡើងក្នុងបណ្តាញសង្គមចិន ដោយសមត្ថកិច្ចមិនបានយកចិត្តទុកដាក់ជួយអន្តរាគមន៍ ក្រោយពេលទទួលបានព័ត៌មាននោះឡើយ។ ការផ្សព្វផ្សាយខាងលើ គឺផ្ទុយពីស្ថានភាពជាក់ស្ដែង ដែលសមត្ថកិច្ចកម្ពុជាកំពុងខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ ក៏ដូចជាកិច្ចអន្តរាគមន៍នានាតាមសំណើរបស់ជនបរទេសដែលកំពុងមានវត្តមានក្នុងព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះ គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទនៃក្រសួងមហាផ្ទៃ បានចោទជាសំណួរថា តើម្ចាស់គណនីបណ្តាញសង្គម Weibo ឈ្មោះ Tie Xiao Jun ជាអ្នកណា? តើអាចទៅរួចទេដែល បុគ្គលនេះអាចដើរប្រមូលព័ត៌មានដោយផ្ទាល់នៅតាមទីតាំងអនឡាញ ខណៈដែលបុគ្គលនេះចោទប្រកាន់ទីតាំងទាំងនោះជាទីតាំងខុសច្បាប់ និងមានធ្វើទារុណកម្មលើបុគ្គលិក? តើគាត់អាចទំនាក់ទំនងជាមួយជនរងគ្រោះដែលគាត់បានលើកឡើងដោយរបៀបណា? ហេតុអ្វីក៏អ្នកទាំងនោះមិនទំនាក់ទំនងដោយផ្ទាល់មកអាជ្ញាធរកម្ពុជា ខណៈពេលដែលយន្តការនៃការទទួលព័ត៌មាន និងសំណើសុំអន្តរាគមន៍ត្រូវបានដាក់ឱ្យប្រើយ៉ាងទូលំទូលាយ?

ជាការកត់សម្គាល់ តាំងពីឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥ សមត្ថកិច្ចកម្ពុជាបានធ្វើការស្រាវជ្រាវ តាមសំណើសុំអន្តរាគមន៍របស់ជនបរទេសពីគ្រប់ប្រភពដោយបានបើកប្រតិបត្តិការស្វែងរក បានចំនួន១,៧៨៣សំណើ រកឃើញជនបរទេស ៣,៣០៤នាក់។ ក្នុងនោះមានសំណើចំនួន១,៣៩៥ករណី ជាករណីប្រឌិតព័ត៌មានក្នុងគោលបំណងលាឈប់ពីការងារមុន កិច្ចសន្យា (ចំនួន៦៧៣សំណើ) និងករណីជនបរទេសចូលមកកម្ពុជាដោយខុសច្បាប់គ្មានលទ្ធភាពត្រឡប់ ទៅប្រទេសកំណើតវិញ (ចំនួន៦៨៣សំណើ)…។ល។ គួរកត់សម្គាល់ផងដែរថា មានសំណើចំនួន៣២ករណី ត្រូវបានរៀបចំឡើងដោយបុគ្គលមិនស្គាល់អត្តសញ្ញាណ ហើយសាមីខ្លួនក៏មិនបានស្នើសុំនោះដែរ។ ក្រៅពីនេះ សំណើចំនួន៣៧៣ករណីផ្សេងទៀត មានជនបរទេសចំនួន៨១១នាក់ មិនត្រូវបានរកឃើញដោយមូលហេតុ បុគ្គលក្នុងសំណូមពរអន្តរាគមន៍បានលាឈប់ពីការងារនិងបានចាកចេញពីទីតាំង (ចំនួន៣០៩សំណើ) និងសំណើមិនពិតប្រាកដគ្មានតម្រុយច្បាស់លាស់ (ចំនួន៦៤ករណី)។
ដោយឡែកក្រៅពីការស្រាវជ្រាវតាមសំណើជនបរទេស ចាប់តាំងពីឆ្នាំ២០២៤ រហូតមកដល់បច្ចុប្បន្ននេះ សមត្ថកិច្ចបានបើកប្រតិបត្តិការបង្ក្រាបទីតាំងអនឡាញខុសច្បាប់បានចំនួន ១៨ទីតាំង និងបានឃាត់ខ្លួន ជនបរទេសដើម្បីបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជាបានចំនួន ៣,៧២៤នាក់ មានចំនួន ១៦សញ្ញាតិ ព្រមទាំងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការបានចំនួន ១៥ករណី និងបញ្ចូនខ្លួនជនសង្ស័យបានចំនួន ៧៦នាក់។

សូមជម្រាបថា កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ មានគណនីបណ្តាញសង្គម Weibo របស់ប្រទេសចិន មួយរូបឈ្មោះ Tie Xiao Jun បានធ្វើការផ្សព្វផ្សាយដោយចេតនាទុច្ចរិត ចោទប្រកាន់មកលើស្ថាប័ននគរបាលជាតិកម្ពុជា បង្កើតឱ្យមានការភ័ន្តច្រឡំដល់មតិសាធារណៈ ជាតិនិង អន្តរជាតិយ៉ាងធ្ងន់ធ្ងរ និងបង្កឱ្យមានការភ័យខ្លាចដល់ភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគទុនបរទេស។ ខ្លឹមសារ នៃការផ្សព្វផ្សាយនោះ មានការចោទប្រកាន់មកលើនគរបាលជាតិកម្ពុជាពាក់ព័ន្ធថា បានលក់ព័ត៌មានទៅឱ្យក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញ ករណីពលរដ្ឋចិនកំពុងរងគ្រោះដោយការធ្វើទារុណកម្មក្នុងទីតាំងឆបោកតាមប្រព័ន្ធអនឡាញ ដែលរូបគេ (Tie Xiao Jun) ជាអ្នកដើរប្រមូលព័ត៌មានពីពលរដ្ឋចិនដែលកំពុងធ្វើការក្នុងទីតាំងអនឡាញនៅកម្ពុជាដោយផ្ទាល់៕ ដោយ៖ ភ័ក្រ្តា
