ព័ត៌មានជាតិ
មន្ត្រីនគរបាលចរាចរណ៍៖៣០ឆ្នាំមកនេះញើសខ្ញុំស្រក់ច្រើនជាងការរិះគន់រាប់លានដង
លោកអនុសេនីយ៍ឯក អៀន វ៉ិច ជាមន្ត្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានលើកយកនូវបទពិសោធន៍អនុវត្តការងារចាប់តាំងពីឆ្នាំ១៩៩៣ ដល់បច្ចុប្បន្នដែលមានរយៈពេលប្រមាណ៣០ឆ្នាំមកនេះ លោកបានជួបបញ្ហាជាច្រើនក្នុងជីពការងារ
លោកអនុសេនីយ៍ឯក អៀន វ៉ិច ជាមន្ត្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមគ្រប់គ្រងកម្លាំង៨នាក់ រួមទាំងមន្រ្តីជាប់កិច្ចសន្យានៅគោលដៅចរាចរណ៍កាំកូស៊ីធី បានថ្លែងប្រាប់មន្ត្រីព័ត៌មាននៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ដោយលោកបានលើកយកនូវបទពិសោធន៍អនុវត្តការងារចាប់តាំងពីឆ្នាំ១៩៩៣ ដល់បច្ចុប្បន្នដែលមានរយៈពេលប្រមាណ៣០ឆ្នាំមកនេះ លោកបានជួបបញ្ហាជាច្រើនក្នុងជីពការងារ និងរឿងរ៉ាវជាច្រើនពាក់ព័ន្ធនឹងការធ្វើចរាចរណ៍របស់អ្នកដំណើរ។

បើតាមលោកអនុសេនីយ៍ឯក ក្នុងនាមជាមន្ត្រីនគរបាលចរាចរណ៍ផង និងជាមេគ្រួសារផង លោកជាអ្នកទទួលបន្ទុករ៉ាប់រងគ្រួសារ ដែលមានសមាជិក៤នាក់ ទាំងការសិក្សារបស់កូនៗ ទាំងការចំណាយផ្សេងៗគ្រប់បែបយ៉ាង បូករួមទាំងបំណុលធនាគារ។ លោកបន្តថា «ពេលខ្លះគ្រួសារខ្ញុំមិនបានពេញចិត្តនឹងការងារនគរបាលចរាចរណ៍នេះទេ ព្រោះគាត់គិតពីសុវត្ថិភាពយើង ម្យ៉ាងទៀតទទួលបានចំណូលមិនគ្រប់គ្រាន់ ធ្វើការមិនគិតពេលវេលា ហើយត្រូវគេរិះគន់ គុំស្អប់ ដោយសារតែការអនុវត្តច្បាប់។
ថ្វីដ្បិតជួបរឿងស្មុគស្មាញច្រើនក្នុងជីវិតការងារ និងបន្ទុកគ្រួសារ នគរបាលពាក់ស័ក្ដិ៣រូបនេះ បានអះអាងថាសម្រាប់រូបលោក បញ្ហាទាំងនោះមិនមែនជាឧបសគ្គឡើយ ហើយសម្រាប់ពាក្យរិះគន់ពីមហាជនមួយចំនួន ទាំងមកលើរូបលោក និងនគរបាលចរាចរណ៍ផ្សេងទៀត លោកក៏មិនបដិសេធអ្វីនោះដែរ ប៉ុន្តែលោកបានបង្ហាញការឯកភាព ចំពោះទស្សនៈដែលថា បើធៀបនឹងការរិះគន់ដែលចៀសមិនផុតក្នុងជីវិតការងារលើដងផ្លូវ ប្រហែលជាញើសលោកស្រក់ជារៀងរាល់ថ្ងៃដើម្បីសុវត្ថិភាពអ្នកដំណើរ មានច្រើនជាងរាប់រយលានដងឯណោះ»។

លោកបានបន្តថា«ការងារជាមន្ត្រីនគរបាលចរាចរណ៍បានលះបង់ធ្ងន់ណាស់ កុំថាឡើយសុវត្ថិភាពផ្ទាល់ខ្លួន សូម្បីតែពេលវេលាសម្រាប់គ្រួសារក៏គ្មានដែរ មិនថាថ្ងៃឈប់សម្រាក សូម្បីតែថ្ងៃបុណ្យទាន ភ្ជុំ ចូលឆ្នាំ ឬកម្មវិធីផ្សេងៗ និយាយរួមគឺគ្មានពេលផ្តល់ភាពកក់ក្តៅជូនគ្រួសារបានពេញលេញឡើយ។ ពេលខ្លះ គឺត្រូវក្រោកតាំងពីម៉ោង៣ព្រឹក ចេញទៅបំពេញភារកិច្ចតាមគោលដៅរៀងៗខ្លួន តាមបទបញ្ជាថ្នាក់លើ។ សម្លៀកបំពាក់នៅនឹងខ្លួនមិនដែលបានល្អក្លិនទឹកអប់អ្វីទេ មានតែញើសជូរឈរក្បែរគេមិនបាន»។
លោកថា មានទាំងឈរសម្រួលចរាចរណ៍តាំងពីព្រលឹមដល់ព្រលប់ មានទាំងហាលភ្លៀង ហាលក្តៅ និងហាលខ្យល់ ហើយពេលខ្លះ ក្នុងករណីចាំបាច់ណាមួយ គឺប្រចាំការ២៤ លើ២៤ម៉ោងតែម្ដង។ ត្រង់ចំណុចនេះ លោកបង្ហាញក្តីព្រួយបារម្ភចំពោះបញ្ហាសុខភាព ដោយអះអាងថា «គ្រប់មន្ត្រីនគរបាលចរាចរណ៍ ហើយខ្ញុំផ្ទាល់មិនមានពេលសម្រាកគ្រប់គ្រាន់ទេ តែជាកាតព្វកិច្ចត្រូវបំពេញ និងមិនអាចប្រកែកបាន ពេលខ្លះដោយទ្រាំនឹងកំដៅថ្ងៃមិនបាន ក៏មានអាការៈខ្យល់ចាប់មួយដងមួយកាលដែរ ប៉ុន្តែក៏ត្រៀមក្រមួន ប្រេងកូឡា និងប្រេងខ្យល់ជាប់តាមខ្លួនជានិច្ច»។

លោកបានលើកឡើងទៀតថា ការលះបង់របស់មន្ត្រីនគរបាលចរាចរណ៍ មិនមែនតែសម្រាប់ខ្លួនឯង ឬសម្រាប់នណាម្នាក់ឡើយ គឺដើម្បីប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវ និងដើម្បីជាតិទាំងមូល ក្នុងពេលបំពេញភារកិច្ចញើសហូរសស្រាក់ តាំងពីក្បាលរហូតដល់ចុងជើង ពោលគឺគ្មានពេលត្អូញត្អែរឡើយ។ ទន្ទឹមគ្នានេះ លោកបានសំណូមពរទៅកាន់មតិរិះគន់មួយចំនួនថា សូមកុំមើលឃើញតែម្ខាង ឬឃើញតែជ្រុងមួយ ពិចារណាឱ្យបានល្អិតល្អន់មុននឹងវាយតម្លៃសូមថ្លឹងថ្លែងឱ្យបានគ្រប់ជ្រុងជ្រោយ បើគ្មានមន្ត្រីនគរបាលចរាចរណ៍ទេ ច្បាស់ណាស់ថានឹងមានបញ្ហាកើតឡើងនៅតាមដងផ្លូវ។ លោកបន្តថា «ពួកគាត់មានពេលរិះគន់ មានពេលជុំគ្រួសារ ហូបចុកសប្បាយរីករាយ ផ្ទុយទៅវិញយើងខ្ញុំជាមន្ត្រីនគរបាលចរាចរណ៍មិនមានពេលបែបនេះឡើយ»។
ជាមួយគ្នានេះ លោកអនុសេនីយ៍ឯក អៀន វ៉ិច បានគូសបញ្ជាក់ថា ថ្វីដ្បិតការនេះនឿយហត់លំបាកក៏ពិតមែន ប៉ុន្តែលោកដាក់ចិត្តដាក់កាយប្រកបដោយឆន្ទៈ និងការស្រឡាញ់ លះបង់ ចូលរួមជួយសង្គមជាតិ ជាមួយរាជរដ្ឋាភិបាល និងបំពេញតួនាទីលើការងារនេះ រហូតដល់អាយុចូលនិវត្តន៍។ មន្រ្តីនគរបាលចរាចរណ៍រូបនេះ ក៏បានផ្តាំផ្ញើទៅកាន់អ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមគោរពច្បាប់ចរាចរណ៍ ឱ្យបានខ្ជាប់ខ្ជួន បើកបរដោយការប្រុងប្រយ័ត្នខ្ពស់ និងស្នើឱ្យអាណាព្យាបាលគ្រប់រូប កុំបណ្តែតបណ្តោយកូនដែលមិនទាន់គ្រប់អាយុបើកបរ ទាំងម៉ូតូ ឬរថយន្តទៅសាលរៀន ឬទីតាំងណាផ្សេង ជាហេតុ អាចបង្កគ្រោះថ្នាក់ណាមួយកើតឡើង៕

