ព័ត៌មានជាតិ
ដកតំណែងអធិការនគរបាលស្រុកស្វាយទាបនិងបន្ថយស័ក្តិ២ថ្នាក់និងដាក់វិន័យមន្ត្រី៣នាក់ក្រោយស៊ុមគ្រលុំគ្នាលក់វត្ថុតាង
លោកវរសេនីយ៍ទោ សោម សារ៉ន អធិការនគរបាលស្រុកស្វាយទាប នៃខេត្តស្វាយរៀង ត្រូវបានដកហូត
មុខតំណែង ព្រោះតែប្រព្រឹត្តរឿងពុករលួយជាច្រើន
លោកវរសេនីយ៍ទោ សោម សារ៉ន អធិការនគរបាលស្រុកស្វាយទាប នៃខេត្តស្វាយរៀង ត្រូវបានដកហូត
មុខតំណែង ព្រោះតែប្រព្រឹត្តរឿងពុករលួយជាច្រើន ក្នុងនោះរួមទាំងលួចដោះលែងជនជាតិបង់ក្លាដែស ជាថ្នូរនឹងការយកទឹកប្រាក់៥០០០ដុល្លារ ក្រោយចាប់ខ្លួនរឿងឆ្លងដែនខុសច្បាប់ និងបានស៊ុមគ្រលុំគ្នាជាមួយបក្សពួកលក់វត្ថុតាងផងដែរ។ ទន្ទឹមនឹងការដកហូតមុខតំណែងលោកអធិការរូបនេះ ក៏មានអធិការរងនគរបាលស្រុកម្នាក់ និងអនុប្រធានផ្នែក២នាក់ទៀត ក៏ត្រូវរងការពិន័យផងដែរព្រោះតែចូលដៃចូលជើងជាមួយលោកអធិការស្រុកស្វាយទាប។

បើតាមលិខិតរបស់ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា លោកវរសេនីយ៍ទោ សោម សារ៉ន អធិការនគរបាលស្រុកស្វាយទាប នៃខេត្តស្វាយរៀង ពិតជាបានលក់វត្ថុតាងនៃបទល្មើសគ្រោះថ្នាក់ចរាចរណ៍រួមមានឡានកាម៉ារីឆ្លាម១គ្រឿង និងគោយន្តកន្ត្រៃ ១គ្រឿង និងបានឱ្យមន្រ្តីនគរបាលបង់ប្រាក់ចំនួន៥០០ដុល្លារ ជាថ្នូរនឹងការតែងតាំងមុខតំណែង និងដំឡើងឋានន្តរស័ក្តិ។ ជាមួយគ្នានេះលោកអធិការស្រុកស្វាយទាបរូបនេះ ក៏បានបង្គាប់ឱ្យអាណាព្យាបាលជនសង្ស័យគ្រឿងញៀន បង់ប្រាក់ឱ្យពួកគេក្នុងម្នាក់ៗ ២០០ដុល្លារ ជាថ្នូរនឹងការដោះលែង និងបានបង្ខំមន្ត្រីក្រោមឱវាទបង់ប្រាក់ចំនួន ៤០០ដុល្លារ ក្នុងមួយបន្ទប់ដើម្បីអាចបានចូលបម្រើការងារនៅក្នុងអគារថ្មី នៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប។

សូមជម្រាបថា មន្រ្តីនគរបាលដែលត្រូវបានដាក់ទណ្ឌកម្មខាងវិន័យ រួមមានលោកវរសេនីយ៍ទោ សោម សារ៉ន អធិការនគរបាលស្រុកស្វាយទាប, លោកវរសេនីយ៍ត្រី វ៉ា សំណាង អធិការរងទទួលផ្នែកនគរបាល យុត្តិធម៌, លោកអនុសេនីយ៍ឯក ផាត់ ផល នាយរងផ្នែកអន្តោប្រវេសន៍ និងលោកអនុសេនីយ៍ឯក កឹម ស៊ីថុន នាយរងផ្នែកនគរបាលយុត្តិធម៌៕ ដោយ៖ ភ័ក្រ្តា
