Connect with us

ព័ត៌មានជាតិ

ពីសត្រូវលើដងផ្លូវប្រែជាមិត្តនៅក្នុងពន្ធនាគារយុវជន២នាក់ផ្ដាំអ្នកផ្សេងកុំឱ្យដើរខុសដូចខ្លួន

ព្រោះការសេពគប់ខុសមនុស្ស និងដើរលេងយប់ យុវជនពីររូប បានសម្តែងការសោកស្តាយជាខ្លាំង បន្ទាប់ពីផុងខ្លួនប្រព្រឹត្តទង្វើមិនគប្បី បំផ្លាញកិត្តិយសខ្លួនឯង គ្រួសារ និងបង្កបញ្ហាដល់សង្គមជាតិ រហូតសមត្ថកិច្ចឃាត់ និងបញ្ជូនមកឃុំនៅពន្ធនាគារ។

Published

on

ព្រោះការសេពគប់ខុសមនុស្ស និងដើរលេងយប់ យុវជនពីររូប បានសម្តែងការសោកស្តាយជាខ្លាំង បន្ទាប់ពីផុងខ្លួនប្រព្រឹត្តទង្វើមិនគប្បី បំផ្លាញកិត្តិយសខ្លួនឯង គ្រួសារ និងបង្កបញ្ហាដល់សង្គមជាតិ រហូតសមត្ថកិច្ចឃាត់ និងបញ្ជូនមកឃុំនៅពន្ធនាគារ។ និយាយដោយទឹកភ្នែករលីងរលោង យុវជនទាំងពីររូប បានថ្លែងប្រាប់ក្រុមអ្នកនាំពាក្យក្រសួងមហាផៃ្ទ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ក្នុងកិច្ចសម្ភាសមួយនៅបណ្ណាល័យនៃពន្ធនាគារខេត្តកណ្ដាល ដោយរៀបរាប់រឿងរ៉ាវរបស់ខ្លួន តាំងពីនៅជាយុវជនល្អ ដើរតាមកន្លងឪពុកម្តាយ រហូតប្រែក្លាយទៅជាក្មេងទំនើងវិញ និងត្រូវជាប់ឃុំ។ យុវជនទាំងពីររូបគឺបដិបក្ខនៃទំនាស់នឹងគ្នា។

ជាកូនទីពីរនៃគ្រួសារ យុវជនម្នាក់ បាននិយាយថា ចាប់តាំងពីតូចរហូតធំដឹងក្តី ពោលគឺចាប់ពីចូលរៀនថ្នាក់បឋមសិក្សាមក ខ្លួនស្តាប់បង្គាប់ការណែនាំរបស់ឪពុកម្ដាយ និងបងប្អូន។ ប៉ុន្តែយុវជនរូបនេះបានបន្ថែមទៀតថា«ក្រោយពេលខ្ញុំធំ និងចូលរៀនថ្នាក់វិទ្យាល័យ ខ្ញុំក៏ចាប់ផ្ដើមមានមិត្តភក្តិ បបួលគ្នាដើរលេងបន្តិចម្តងៗ ក៏ដើរដល់យប់ម៉ោង១០ទៅ១១យប់រហូតមានរឿងជាបន្តបន្ទាប់។

មានម្តាយជាកម្មការនីរោងចក្រ យុវជនសម្បុរសណ្ដែកបាយចិញ្ចើមក្រាស់ដដែល បានបន្តក្នុងសម្ដីដើមថា«បន្ទាប់ពីខ្ញុំមានបញ្ហាត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅប៉ុស្តិ៍ ខ្ញុំសឹងតែមិនហ៊ានប្រាប់គាត់នោះទេ ប៉ុន្តែជាគោលការណ៍ត្រូវតែប្រាប់ក្រុមគ្រួសារឱ្យដឹង។ ក្រោយទទួលដំណឹងនេះ គាត់មិនបានស្តីបន្ទោសអ្វីទៀតនោះទេ ព្រោះគាត់ប្រាប់ច្រើនដងហើយ។ គាត់តាមមើលខ្ញុំរហូត មិនថានៅប៉ុស្តិ៍នគរបាល នៅតុលាការ នៅរហូតមកដល់ពន្ធនាគារនោះទេ»។

មកដល់ពន្ធនាគារ យុវជនរូបនេះរម្លឹកភ្លាមថា«ខ្ញុំភ័យ ខ្ញុំនឹកម្ដាយ នឹកអ្វីដែលគាត់ប្រាប់ តែយើងអត់ស្ដាប់!(យំ) មិននឹកស្មានខ្ញុំមកដល់កន្លែងនេះ។ ស្មានតែត្រឹមប៉ូលិសប៉ុស្តិ៍ចាប់ហើយក៏បានទៅផ្ទះវិញ។ មកដល់នេះ ពូៗអនុរក្សគាត់មើលថែ បាយទឹក និយាយប្រដៅ តែវាអត់ដូចផ្ទះយើងទេ»។ រម្លឹកចប់ យុវជន បានបន្តនិយាយដល់ម្ដាយទៀតថា« គាត់មកសួរសុខទុក្ខខ្ញុំញឹកញាប់ ដំបូងចង់ឱ្យគាត់មកញឹក តែឥលូវខ្ញុំប្រាប់គាត់ ថាមកយូរៗម្ដងបានហើយ កុំឱ្យគាត់ពិបាក»។

«ពេលគាត់យកនំចំណី និងម្ហូបអាហារ មកឱ្យម្តងៗខ្ញុំមានអារម្មណ៍ថាអាណិតគាត់ខ្លាំង ឃើញទឹកមុខគាត់ពោពេញដោយទុក្ខសោក ទឹកភ្នែករលីងរលោង វាជាពេលដែលខ្ញុំចងចាំពេញមួយជីវិតពីទង្វើណាដែលគួរប្រព្រឹត្ត និងមិនគួរប្រព្រឹត្ត»។ យុវជនដដែលបានថ្លែងដូច្នេះ និងបាននិយាយសូមអភ័យទោស ចំពោះអ្នកមានគុណទាំងពីរជាថ្មីទៀត ភ្ជាប់ដោយការសារភាពទទួលស្គាល់កំហុសព្រោះមិនស្ដាប់សម្ដីម្ដាយ និងបានសន្យាថាមិនឱ្យបញ្ហានេះកើតឡើងជាលើកទីពីរទៀតឡើយ។

ចំណែកយុវជនមួយរូបទៀតដែលជាកូនអ្នកបើករថយន្តដឹកដី និងមានម្តាយជាមេផ្ទះ បានលើកឡើងស្រដៀងគ្នាដែរថា«ខ្ញុំពិតជាមានអារម្មណ៍សោកស្តាយ ព្រោះតែការមិនស្តាប់ការទូន្មានប្រៀនប្រដៅ ហើយក៏មិននឹកស្មានថាធ្លាក់ខ្លួនមកដល់ចំណុចនេះដែរ។ នៅពេលសមត្ថកិច្ចឃាត់ខ្លួន ខ្ញុំនឹកឃើញម្តាយមុនគេ និងមានការភ័យខ្លាចដូចគ្នានៅពេលដែលគេបញ្ជូនទៅតុលាការ ព្រោះជាលើកទី១»។

យុវជននេះបានបន្តទៀតថា ពេលគេបញ្ជូនចូលទៅពន្ធនាគារ ទម្រាំនឹងស៊ាំ គឺពិបាកណាស់ ហើយនឹកឃើញតែម្តាយ និងឪពុកប៉ុណ្ណោះ ព្រោះនៅក្នុងពន្ធនាគារខុសពីផ្ទះខ្លួនឆ្ងាយ។ យុវជននេះក៏បានផ្ញើសារប្តេជ្ញាចិត្ត សូមអភ័យទោសចំពោះអ្នកមានគុណរបស់ខ្លួន នូវទង្វើដែលខ្លួនបានប្រព្រឹត្តមិនគប្បី ធ្វើឱ្យបាត់បង់សេចក្តីថ្លៃថ្នូរ កិត្តិយសគ្រួសារ និងបានសន្យាឈប់ប្រព្រឹត្តទង្វើបែបនេះទៀត ធ្វើខ្លួនជាមនុស្សល្អក្នុងសង្គម។

យុវជនទាំងពីរបានបញ្ជាក់ថា ការរស់នៅក្នុងពន្ធនាគារក៏មានការបណ្តុះបណ្តាលជំនាញផ្សេងៗ អប់រំណែនាំ លើកទឹកចិត្ត នៅពេលដែលចាកចេញពីពន្ធនាគារទៅ មិនគួរប្រព្រឹត្តអំពើណាមិនគប្បី ត្រូវធ្វើមនុស្សដែលរស់នៅដោយសេចក្តីថ្លៃថ្នូរ និងមិនធ្វើឱ្យគ្រួសារលំបាក។ ឆ្លងកាត់បទពិសោធន៍នេះយុវជនទាំងពីរ បានផ្ញើសារទាំងក្តុកក្តួលចេញពីពន្ធនាគារ ទៅកាន់យុវជនដែលជាក្មេងទំនើងទាំងអស់គួរបែរត្រឡប់ក្រោយ កុំយកតម្រាប់តាមខ្លួន សេពគប់រាប់អានមិត្តភក្តិល្អៗជាអ្នករៀនសូត្រ។

ពួកគេបាននិយាយថា« ពេលមានបញ្ហារហូតជាប់ពន្ធនាគារ គ្មានមិត្តភក្តិណាមកជួយក្រៅពីឪពុកម្តាយយើងឡើយ»។ យុវជនទាំងពីរបានស្នើសុំទៅកាន់បងប្អូន និងមិត្តភក្តិទាំងអស់ កុំមានការរើសអើងនៅពេលដែលខ្លួនចេញពីពន្ធនាគារវិញ និងស្នើសុំឱ្យលោកគ្រូអ្នកគ្រូ ជាពិសេសលោកនាយកសាលាមេត្តាផ្ដល់ឱកាសឱ្យរូបគេទាំងពីរបានចូលសិក្សា ដូចសិស្សដ៏ទៃទៀត។

ជាការកត់សម្គាល់ យុវជនទាំងពីររូប ដែលក្រុមការងារយើងបានជួបសម្ភាសនេះ គឺជាគូជម្លោះនឹងគ្នា។ ពីបក្ខដិបក្ខនឹងគ្នាលើដងផ្លូវ ឥលូវពួកគេក្លាយជាមិត្តភក្ដិនឹងគ្នា នឹងតែងនិយាយលើកទឹកចិត្តគ្នាទៅវិញទៅមក។

Sokha Hotels
ព័ត៌មានជាតិ19 hours ago

រដ្ឋមន្រ្តីមហាផ្ទៃ៖បញ្ហាគ្រឿងញៀននៅកម្ពុជាបើមិនមានការពាក់ព័ន្ធនឹងមន្ត្រីអនុវត្តច្បាប់មួយចំនួនទេ បញ្ហាមិនធំដូចបច្ចុប្បន្នឡើយ

ព័ត៌មានជាតិ23 hours ago

លោកប៉ែន បូណា៖សម រង្ស៊ី ជាអ្នកនយោបាយអង្ករកំប៉ុងវិលក្បុងដោយសាររត់តោងកន្ទុយក្បិនគេ

ព័ត៌មានជាតិ2 days ago

ពីសត្រូវលើដងផ្លូវប្រែជាមិត្តនៅក្នុងពន្ធនាគារយុវជន២នាក់ផ្ដាំអ្នកផ្សេងកុំឱ្យដើរខុសដូចខ្លួន

ព័ត៌មានជាតិ2 days ago

យុវតីម្នាក់ស្លាប់ក្រោយពេលពត់ធ្មេញខណៈគណៈទន្តពេទ្យថាការស្លាប់ដោយសារយុវតីរូបនោះមានជំងឺប្រចាំកាយ!

ព័ត៌មានជាតិ3 days ago

អ្នកនាំពាក្យក្រសួងការពារជាតិថាការតែងតាំងមុខតំណែងឧត្តមនាវីឯកទៀ សុខាមិនមានអ្វីខុសទេគឺ អនុលោមតាមច្បាប់

ព័ត៌មានជាតិ7 days ago

មេក្លោងសម្លាប់នារីខ្មែររួចយកសពកប់នៅក្បែរផ្សារអ៊ីអន៣ត្រូវសមត្ថកិច្ចតាមចាប់ដល់ក្រុងបាវិត

ព័ត៌មានជាតិ6 days ago

ដកតំណែងអធិការនគរបាលស្រុកស្វាយទាបនិងបន្ថយស័ក្តិ២ថ្នាក់និងដាក់វិន័យមន្ត្រី៣នាក់ក្រោយស៊ុមគ្រលុំគ្នាលក់វត្ថុតាង

ព័ត៌មានជាតិ1 week ago

ឡានក្រុងកម្ពុជា-វៀតណាមច្រើនគ្រឿងដែលឆ្លងកាត់ខេត្តព្រៃវែងត្រូវប៉ូលិសឃាត់អប់រំដោយមិនផាកពិន័យ

ព័ត៌មានជាតិ7 days ago

មន្ត្រីនគរបាលចរាចរណ៍៖៣០ឆ្នាំមកនេះញើសខ្ញុំស្រក់ច្រើនជាងការរិះគន់រាប់លានដង

ព័ត៌មានជាតិ6 days ago

កង់​ឡាន​ចាស់ៗជិត​៨​​ម៉ឺនគីឡូ​ត្រូវ​គយចាប់បញ្ជូនទៅប្រទេសដើមវិញនិងពិន័យអ្នកនាំចូល