ព័ត៌មានជាតិ
លោកនាយករដ្ឋមន្រ្តីកម្ពុជាមិនអនុញ្ញាតលើកលែងទោសដល់ក្មេងទំនើង
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថាសម្ដេចសម្រេចមិនអនុញ្ញាតឱ្យមានការស្នើសុំបន្ថូរបន្ថយ និងលើកលែងទោសដល់ក្មេងទំនើងដែលត្រូវបានឃុំឃាំងនោះទេ
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត ថាសម្ដេចសម្រេចមិនអនុញ្ញាតឱ្យមានការស្នើសុំបន្ថូរបន្ថយ និងលើកលែងទោសដល់ក្មេងទំនើងដែលត្រូវបានឃុំឃាំងនោះទេ ក្នុងន័យបន្សុទ្ធយកតែមនុស្សល្អសម្រាប់សង្គមជាតិ។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A ព្រឹកថ្ងៃច័ន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០២៤ នៅ រាជធានីភ្នំពេញ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដាំទៅក្មេងទំនើងទាំងអស់ដែលមិនទាន់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសូមកែខ្លួនឱ្យល្អឡើងវិញ ព្រោះថាសម្ដេចបានបញ្ជាទៅគ្រប់ខេត្តរាជធានីទាំងអស់ «ក្មេងទំនើងចេញមកត្រូវតែបង្ក្រាប»។
សម្ដេចថា៖ «ចេញមកបង្ក្រាបៗទាល់តែអស់តែម្ដងទុកតែអ្នកដែលល្អនៅក្នុងសង្គមបានហើយ»។
សម្ដេចថារដ្ឋាភិបាលពិតជាមិនចង់ដាក់វិធាននេះនោះទេ តែប្រសិនជាគ្មានវិធានការគឺក្មេងទំនើងទាំងនេះនឹងបន្តខូច ហើយធ្វើឱ្យប៉ះពាល់ដល់សណ្ឋាប់ធ្នាប់សង្គម និងពលរដ្ឋផ្សេងទៀតដែរ។
បើតាមសម្ដេចធិបតី បច្ចុប្បន្នមានក្មេងទំនើងជាង២០០នាក់ត្រូវបានតុលាការសម្រេចឃុំខ្លួននៅមណ្ឌលអប់រំកែប្រែ។សម្ដេចនាយករដ្ឋមន្ត្រីថារដ្ឋាភិបាលក្នុងអាណត្តិថ្មីបានដាក់ចេញគោលនយោបាយពង្រឹងឥរិយាបថក្មេងៗនៅក្នុងសាលាជាពិសេសនៅថ្នាក់បឋម។

សម្ដេចថា៖ «៦ឆ្នាំនេះ(ថ្នាក់បឋម)បើបានអប់រំល្អគឺកាត់បន្ថយភាពឈឺក្បាលនៅ៦ឆ្នាំក្រោយនៅអនុវិទ្យាល័យ នៅវិទ្យាល័យ។ ហើយបើ១២ឆ្នាំនេះលែងសូវឈឺក្បាលរឿងរញ៉េរញ៉ៃរឿងឥរិយាបថចប់ទី១២យើងនឹងបានធនធានមនុស្សដែលល្អនិងរឹងមាំដែលអាចគិតគូរនូវអ្វីដែលអាក្រក់ ដែលអាចចូលរួមកាន់តែសកម្មក្នុងសង្គមជាតិកាន់តែល្អប្រសើរ»។សម្ដេចជំរុញការភ្ជាប់ទំនាក់ទំនងរវាងគ្រូនិងអាណាព្យាបាលដើម្បីចែករម្លែកព័ត៌មាន និងបង្កើនជំនឿទុកចិត្ត ដែលត្រូវពង្រឹងឱ្យបានដើម្បីកែប្រែក្មេងៗដើរផ្លូវត្រូវឡើងវិញ៕
អត្ថបទដោយ កំសត់
