ព័ត៌មានជាតិ
នៅបាំងតែជាង៣០ថ្ងៃទៀតប៉ុណ្ណោះ! ស្ពានខ្ពស់ជាងគេនៅកម្ពុជានឹងដាក់ឱ្យប្រើប្រាស់សាកល្បងហើយ
គិតត្រឹមពេលនេះនៅបាំងតែជាង១ខែទៀតប៉ុណ្ណោះ ស្ពានលេខ២៨ នៃគម្រោងស្ថាបនាផ្លូវជាតិលេខ១០ កម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា សម្រេចការសាងសង់ បាន៩៣ ភាគរយហើយ
គិតត្រឹមពេលនេះនៅបាំងតែជាង១ខែទៀតប៉ុណ្ណោះ ស្ពានលេខ២៨ នៃគម្រោងស្ថាបនាផ្លូវជាតិលេខ១០ កម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា សម្រេចការសាងសង់ បាន៩៣ ភាគរយហើយ ដែលមានន័យថា ស្ពាននេះនឹងត្រូវដាក់ឱ្យប្រើប្រាស់សាកល្បងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ខាងមុខនេះ គឺមុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

ដោយឡែកចំពោះការងារសាងសង់ផ្លូវជាតិលេខ១០ (អតីតផ្លូវជាតិ១៥៥១) ប្រវែងសរុប ១៩៨,៥១ គ.ម (PK០០០+០០០ – PK១៩៨+៥១៨) ចាប់ពីផ្លូវជាតិលេខ ៥៧-៧ ត្រង់ PK ៣៥+៩០០ ស្ថិតក្នុងភូមិបញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ ៤៨ត្រង់ PK១+៧០០ ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានជួបនឹងផលប៉ះពាល់បរិស្ថានជាច្រើន ដែលតម្រូវឱ្យមានការផ្លាស់ប្តូរគន្លងផ្លូវថ្មីពី East Line មក West Line មានប្រវែង ៦៥,៧៤ គ.ម ខណៈបច្ចុប្បន្នសម្រេចការសាងសង់បាន ៩៦,១៦ភាគរយ គិតត្រឹមខែធ្នូ។

ស្ពាននេះស្ថិតក្នុងគម្រោងស្ថាបនាផ្លូវជាតិលេខ១០ មានចំណុចកណ្តាលស្ពានស្ថិតនៅត្រង់គីឡូម៉ែត្រលេខ ១២៨+៩០៥ ហើយកាត់តាមជ្រលងស្ទឹងឫស្សីជ្រុំ មានមុំប្រសព្វ ៩០ដឺក្រេ។ សំណង់ផ្នែកខាងលើមានធ្នឹមប្រភេទអក្សរ “T” ផ្នែកខាងកើតមាន៤ប្រឡោះ ផ្នែកកណ្តាលជាប្រភេទធ្នឹមប្រអប់ខ្សែកាបទាញមាន៣ប្រឡោះ និងផ្នែកខាងលិចប្រភេទធ្នឹមអក្សរ “T” មាន៥ប្រឡោះ ចំណែកឯសំណង់ផ្នែកខាងក្រោមមានទម្រក្បាលស្ពាន និងធ្នឹមទទឹង (សម្រាប់ទ្រធ្នឹមប្រភេទអក្សរ “T”) ប្រើសសរមូលជួរឈរ និងប្រភេទគ្រឹះខួង ព្រមទាំងធ្នឹមទទឹងប្រើសសរបែបជញ្ជាំងជួរឈរ និងប្រភេទគ្រឹះខួង។

សូមជម្រាបថា បច្ចុប្បន្ននេះផ្លូវជាតិលេខ១០នេះ ប្រជាពលរដ្ឋអាចធ្វើដំណើរបានតែត្រូវមានការប្រុងប្រយ័ត្ន ដោយសារកំណាត់ផ្លូវខ្លះនៅជាក្រួសក្រហម មានសភាពហុយ ពិបាកក្នុងការមើលផ្លូវ៕ ដោយ៖ ភ័ក្រ្តា

